- ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានចាប់អនុវត្តនូវសេវាកម្មថ្មីមួយ គឺសេវាទូទាត់ពាណិជ្ជកម្មតាមព្រំដែន ក្នុងគោល បំណងតភ្ជាប់ចំណងពាណិជ្ជកម្មឆ្លងប្រទេស តាមរយៈការទូទាត់ពាណិជ្ជកម្មជាប្រភេទប្រាក់ដុងវៀតណាម និងជម្រុញឲ្យ ពាណិជ្ជករកម្ពុជាដែលប្រើប្រាស់សេវាផ្ទេរប្រាក់ទូទាត់ពាណិជ្ជកម្មតាមព្រំដែននេះ ពុំចាំបាច់បើកគណនីប្រភេទប្រាក់ដុងឡើយ។ ផ្ទុយទៅវិញ អ្នកផ្គត់ផ្គង់កម្ពុជាអាចទទួលបានការទូទាត់ផ្ទាល់ពីអ្នកទិញនៅវៀតណាមជាប្រាក់រៀល។ ការអនុវត្តន៍នូវសេវាកម្មនេះ បានរួមចំណែកជួយដល់ការទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃ របស់ពាណិជ្ជករនៃប្រទេសទាំងពីរ ព្រមទាំងបង្កើននូវប្រសិទ្ធភាព ក្នុង ពាណិជ្ជកម្មផងដែរ។
- ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់អតិថិជន ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានធ្វើការផ្លាស់ប្តូរទីតាំង សាខាផ្សារទំនើបវៀតណាម ទៅកាន់ទីតាំងថ្មីធំទូលាយជាងនេះ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៥៣៧A-B, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញ ដោយបានប្តូរឈ្មោះទៅជា សាខាព្រះមុនីវង្ស។ ការបង្កើតទីតាំងប្រតិបត្តិការថ្មីដែលស្ថិត នៅចំកណ្តាលនៃរាជធានីនេះ គឺជាជំហ៊ានដ៏ត្រឹមត្រូវមួយក្នុងការរួមចំណែកដល់ការអនុវត្តន៍យុទ្ធសាស្រ្តពង្រីកខ្លួនរបស់ធនាគារ។ ទីតាំងប្រតិបត្តិការថ្មីនេះ គឺជាទីតាំងដ៍ល្អឥតខ្ចោះ ព្រោះជាតំបន់យុទ្ធសាស្រ្តពោរពេញដោយសក្តានុពល ក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច។
- ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ ជាលើកទី១ ដែល ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ចាប់ផ្តើមឈានជើងចេញក្រៅរាជធានី ទៅកាន់ទីកន្លែងដែលមាន ពាណិជ្ជកម្មមមាញឹកបំផុតមួយទៀត គឺការបើកសម្ពោធសាខានៅទីរួមខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់នោះ សាខាថ្មីនេះបានផ្តល់នូវសេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ព្រមទាំងបានរួមចំណែកក្នុងការជម្រុញពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចធំៗទាំងពីរនេះ។