សេចក្តីជូនដំណឹងអំពីហានិភ័យសុវត្ថិភាពព័ត៌មាន ដែលពាក់ព័ន្ធនឹងឧបករណ៍វាយប្រហារ DarkSword!

នៅថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២៦

SACOMBANK CAMBODIA DarkSword Cybersecurity Alert

អតិថិជនជាទីគោរព,
ធនាគារ សាខមប៊ែង ខេមបូឌា សូមជម្រាបជូនអតិថិជនអំពីហានិភ័យសុវត្ថិភាពព័ត៌មានដែលពាក់ព័ន្ធនឹងឧបករណ៍វាយប្រហារ DarkSword។
ឧបករណ៍នេះអាចទាញយកអត្ថប្រយោជន៍ពីចន្លោះខ្វះខាតសុវត្ថិភាពនៅលើឧបករណ៍ iPhone/iPad ដែលមិនទាន់បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ iOS/iPadOS ទៅកំណែចុងក្រោយ ដោយអាចបណ្ដាលឱ្យជនខិលខូចចូលគ្រប់គ្រងឧបករណ៍ និងលួចយកទិន្នន័យកម្មវិធីផ្សេងៗបាន។

🛡️ ដើម្បីការពារគណនីធនាគារតាមទូរសព្ទរបស់លោកអ្នក
សូមអនុវត្តវិធានការសុវត្ថិភាពដូចខាងក្រោម៖

1
ធ្វើបច្ចុប្បន្នភាព iOS/iPadOS

សូមធ្វើបច្ចុប្បន្នភាពឧបករណ៍របស់លោកអ្នកទៅកាន់កំណែចុងក្រោយដែលគាំទ្រដោយ Apple ចូលទៅកាន់ Settings → General → Software Update។ ជាមួយគ្នានេះ សូមបើកមុខងារ Automatic Updates ដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពដោយស្វ័យប្រវត្តិ។

2
រក្សាការសម្ងាត់ព័ត៌មានសុវត្ថិភាព

កុំចែករំលែកព័ត៌មានសម្ងាត់ដូចជា ឈ្មោះអ្នកប្រើប្រាស់ (Username), លេខសម្ងាត់ (Password), លេខកូដ OTP, លេខកូដ PIN ឬព័ត៌មានប័ណ្ណធនាគារ ទៅកាន់បុគ្គលណាមួយ រួមទាំងអ្នកដែលអះអាងថាជាបុគ្គលិកធនាគារ ឬមន្ត្រីនគរបាល។ ធនាគារ សាខមប៊ែង ខេមបូឌា មិនដែលស្នើសុំព័ត៌មានសម្ងាត់ទាំងនេះតាមរយៈទូរសព្ទ សារ SMS ឬតំណភ្ជាប់ (Link) ណាមួយឡើយ។

3
ប្រយ័ត្នចំពោះតំណភ្ជាប់គួរឱ្យសង្ស័យ

សូមកុំចុច ឬបើកតំណភ្ជាប់ (Link) ដែលមិនស្គាល់ប្រភព មិនថាត្រូវបានផ្ញើតាមរយៈ SMS, Email, Telegram, Facebook ឬកម្មវិធីផ្ញើសារផ្សេងៗ ជាពិសេសសារដែលទាក់ទងនឹងរង្វាន់ ការសងប្រាក់ត្រឡប់វិញ ឬការស្នើសុំធ្វើបច្ចុប្បន្នភាពគណនី។

4
ទាញយកកម្មវិធីពីប្រភពផ្លូវការប៉ុណ្ណោះ

សូមដំឡើងកម្មវិធីពីប្រភពដែលអាចទុកចិត្តបាន ដូចជា App Store ប៉ុណ្ណោះ។ កុំដំឡើងកម្មវិធី ឬឯកសារពីប្រភពដែលមិនស្គាល់ និងកុំអនុញ្ញាតឱ្យមានការកំណត់ ឬដំឡើងអ្វីមួយលើទូរសព្ទរបស់លោកអ្នក ប្រសិនបើមិនដឹងច្បាស់ពីប្រភព និងគោលបំណង។

5
កុំផ្តល់សិទ្ធិគ្រប់គ្រងឧបករណ៍

សូមកុំផ្តល់សិទ្ធិចូលប្រើប្រាស់ ឬសិទ្ធិគ្រប់គ្រងឧបករណ៍ទៅកម្មវិធីដែលមិនគួរឱ្យទុកចិត្ត។ លោកអ្នកគួរពិនិត្យ និងលុបកម្មវិធីដែលមិនស្គាល់ ឬមិនបានប្រើប្រាស់ជាប្រចាំចេញពីឧបករណ៍។

🆘 ប្រសិនបើសង្ស័យថាមានការបន្លំ ឬការលេចធ្លាយព័ត៌មាន
សូមធ្វើការ Lock ប័ណ្ណ ឬផ្អាកសេវាកម្មជាបណ្ដោះអាសន្នភ្លាមៗ តាមរយៈកម្មវិធី SC mBanking ឬទាក់ទងមកកាន់ភ្នាក់ងារបម្រើអតិថិជនរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដើម្បីទទួលបានជំនួយទាន់ពេលវេលា។

📞 បណ្តាញទូរសព្ទទាន់ហេតុការណ៍ (Hotline)

✉️ អ៊ីមែល (Email)

🏛️ សាខាធនាគារ
ឬអញ្ជើញមកកាន់សាខា ធនាគារ សាខមប៊ែង ខេមបូឌា ដែលនៅជិតលោកអ្នកបំផុត។

💙 ធនាគារ សាខមប៊ែង ខេមបូឌា ប្តេជ្ញាចិត្តជានិច្ច
ក្នុងការការពារព័ត៌មានផ្ទាល់ខ្លួន និងធានាសុវត្ថិភាពប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នក។